Revelation of John 8

1ពេលកូន​ចៀម​បកត្រាទីប្រាំពីរ​នោះ​មាន​សភាពស្ងាត់ស្ងៀមនៅស្ថានសួគ៌ប្រហែលកន្លះម៉ោង 2ហើយខ្ញុំ​ក៏​ឃើញទេវតា​ទាំង​ប្រាំពីរ​រូប​ដែលឈរនៅមុខព្រះជាម្ចាស់​បាន​ទទួលត្រែប្រាំពីរ 3មានទេវតាមួយ​រូប​ទៀតកាន់ពានមាសមួយ​បាន​មកឈរនៅមុខកន្លែងថ្វាយតង្វាយហើយ​បាន​ទទួលគ្រឿងក្រអូបជាច្រើនដើម្បីថ្វាយជាមួយ​សេចក្ដី​អធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់​នៅ​លើកន្លែងថ្វាយតង្វាយ​ធ្វើ​អំពី​មាសដែលនៅ​ពី​មុខបល្ល័ង្ក 4ផ្សែងនៃគ្រឿងក្រអូប​នោះ​ក៏​ហុយ​ចេញពីដៃរបស់ទេវតាឡើង​ទៅ​លើជាមួយ​សេចក្ដី​អធិស្ឋានរបស់ពួកបរិសុទ្ធនៅ​ចំពោះ​មុខព្រះជាម្ចាស់ 5ទេវតានោះ​បាន​យកពានមកហើយយកភ្លើងពីកន្លែងថ្វាយតង្វាយ​មក​ដាក់​ពេញពាននោះរួច​ក៏​បោះទៅលើផែនដី​នោះ​កើតមានផ្គរលាន់​មាន​សំឡេង​មាន​ផ្លេកបន្ទោរនិងរញ្ជួយផែនដី 6រួចទេវតា​ទាំង​ប្រាំពីរដែលមានត្រែប្រាំពីរ​នោះ​បាន​ប្រុងប្រៀបផ្លុំត្រែ 7ទេវតាទីមួយ​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​កើតមានព្រឹលនិងភ្លើងលាយជាមួយឈាម​ដែល​បាន​បោះទៅលើផែនដី​ហើយ​ផែនដីឆេះអស់មួយ​ភាគ​បីដើមឈើឆេះអស់មួយ​ភាគ​បីហើយស្មៅខៀវខ្ចីទាំងឡាយ​ក៏​ឆេះអស់​ដែរ។ 8ទេវតាទីពីរ​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​ហាក់​ដូចជា​មាន​ភ្នំមួយ​យ៉ាង​ធំ​កំពុង​ឆេះ​ដែល​បាន​បោះទៅក្នុងសមុទ្រហើយសមុទ្រមួយ​ភាគ​បី​ក៏​ត្រលប់ជាឈាម 9រីឯសត្វ​ដែល​មាន​ជីវិត​រស់នៅក្នុងសមុទ្របានស្លាប់​អស់​មួយ​ភាគ​បីហើយនាវាទាំងឡាយ​ក៏​ត្រូវ​បាន​បំផ្លាញ​អស់​មួយ​ភាគ​បីដែរ 10ទេវតាទីបី​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​មាន​ផ្កាយមួយ​យ៉ាង​ធំឆេះដូចចន្លុះ​បាន​ធ្លាក់ពី​លើ​មេឃទៅក្នុងទន្លេទាំងឡាយ​អស់​មួយ​ភាគ​បីនិងទៅក្នុងប្រភពទឹកទាំងឡាយ​ដែរ 11ផ្កាយនោះឈ្មោះស្លែងហើយទឹកមួយ​ភាគ​បី​បាន​ត្រលប់ទៅជាល្វីង​ដូច​ស្លែង។ ​មនុស្ស​ជាច្រើនបានស្លាប់ដោយសារទឹក​នោះ​ពីព្រោះ​បាន​ត្រលប់ជាល្វីង​អស់​ហើយ។ 12ទេវតាទីបួន​ក៏​ផ្លុំ​ត្រែ​ឡើង​នោះ​ព្រះអាទិត្យមួយ​ភាគ​បីលោកខែមួយ​ភាគ​បីនិងផ្កាយមួយ​ភាគ​បី​ត្រូវ​បាន​បំផ្លាញ​ដូច្នេះ​ធ្វើ​ឲ្យ​ងងឹតមួយ​ភាគ​បីហើយ​នៅពេល​ថ្ងៃលែង​មាន​ពន្លឺមួយ​ភាគ​បី​រីឯ​នៅពេល​យប់​ក៏​ដូច្នោះដែរ 13នោះខ្ញុំ​បាន​ឃើញ​មាន​សត្វឥន្រ្ទីមួយ​កំពុង​ហើរលើអាកាស​ហើយ​​វា​ស្រែកខ្លាំងៗថា៖ ​«វេទនាហើយវេទនាហើយវេទនាហើយ​ដល់​ពួក​អ្នក​ដែលរស់នៅលើផែនដីដោយព្រោះសំឡេងត្រែ​របស់​ទេវតាបីរូបទៀត​ដែល​បម្រុងនឹងផ្លុំ»។
Copyright information for KhmKCB